គឺជាការផ្ដួចផ្ដើមមិនរកប្រាក់ចំណេញដើម្បីអភិរក្សមរតកសំនៀងដើម
A Khmer-owned non-for-profit initiative dedicated to restoring pre-1975 Khmer music as part of Cambodia’s rich cultural heritage.

Mission Statement
បុព្វបុរសខ្មែរបានបង្កើតស្នាដៃជាច្រើន ហើយស្នាដៃខ្លះក៏បានក្លាយទៅជាមរតករបស់ខ្មែរ ដោយសារតែស្នាដៃទាំងនោះមានតម្លៃខ្ពង់ខ្ពស់ ឬមានប្រជាប្រិយភាពខ្លាំង ហើយជះឥទ្ធិពលបានឆ្ងាយនិងយូរអង្វែងដូចជា ប្រាសាទអង្គរវត្ត អក្សរសាស្រ្ត វប្បធម៌ ប្រពីណី ព្រទាំងវិស័យសិល្បៈជាច្រើនរូបរាងជាដើម។ ដោយឡែក ស្នាដៃរបស់បុព្វបុរសខ្មែរមួយដែលនៅតែតាមបំពេ
អារម្មណ៍ខ្មែររហូតមកដល់សព្វថ្ងៃ ទោះបីជាត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញអស់រយៈពេលប្រហែល៥០ឆ្នាំកន្លងទៅ ហើយក្ដី គឺសិល្បៈចម្រៀងមុនរបបបដិវត្តន៍ (ខែរមេសា ឆ្នាំ ១៩៧៥)។

ចម្រៀងដែលបាននិពន្ធដោយទេពកោសល្យខ្ពស់របស់កវីខ្មែរ គឺមានចងក្រង និងកត់ត្រានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ជាតិខ្មែរនាសម័យនោះ ហើយត្រូវបានលើកតម្កើងដល់កម្រិតកំពូល ដោយអធិរាជសំឡេងមាសរបស់ខ្មែរ គឺលោក ស៊ីន ស៊ីសាមុត ព្រមទាំង អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ជាដើម។ល។ ប៉ុន្តែគួរឱ្យសោកស្ដាយដល់សិល្បៈចម្រៀងដែលកំពុងតែរុងរឿង ស្រាប់តែត្រូវបានទទួលនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយរបបបដិវត្តន៍ឆ្កួតលេលា។ ចំណែកឯសិល្បករដែលមានទេពកោសល្យខ្ពស់ភាគច្រើន ក៏ត្រូវបានទទួលនូវការកាប់សម្លាប់ទាំងអយុត្តិធម៌រួមជាមួយជនរួមជាតិខ្មែរជាង៣លាននាក់ទៀតផងដែរ។


សព្វថ្ងែ ចម្រៀងដែលសេសសល់ពីការបំផ្លិចបំផ្លាញ ក៏ត្រូវទទួលនូវការបាត់បង់បន្តិចម្ដងៗជាបន្តទៅទៀត រីឯចម្រៀងដែលមានលក់នៅទីផ្សារ ឬមាននៅ Facebook ឬ YouTube ជាដើមនោះ ក៏ភាគច្រើន គឺជាលទ្ធផលនៃការថតចម្លងបន្តគ្នាជាច្រើនតំណ ដោយមិនបានប្រើប្រាស់ឧបករណ៍ថតចម្លងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការគ្រប់គ្រងគុណភាព ឬចម្រៀងដែលត្រូវបានគេយកទៅរុញច្រាន កែប្រែនៅក្នុង Graphic Equalizer ឬ Audio Edition Software ដោយគ្មានជំនាញច្បាស់លាស់ ឬបញ្ចូលសូរស័ព្ទឧបករណ៍ភ្លេងថ្មី ឱ្យឮខ្លាំង ឮធ្ងន់ដែលធ្វើឱ្យចម្រៀងឮខុសពីទម្រង់ដើម បាត់បង់មនោសញ្ចេតនាស្រាលស្រទន់លន្លង់លន្លោចនៃបទដើម។


សំណាងណាស់ដែរ ដោយជាង៥០ឆ្នាំបន្ទាប់ពីការបំផ្លិចបំផ្លាញ ក៏នៅតែមានខ្មែរមួយចំនួនបានថែរក្សាចម្រៀងដែលជាលក្ខណៈដើម (Original Copies) យ៉ាងប្ដូរផ្ដាច់ តែម្នាក់ៗមានមិនច្រើនបទ។ ទោះបីជាមានតិច ឬច្រើនបទក្ដី ក៏អ្នកទាំងនោះគឺសុទ្ធតែបានព្យាយាម តស៊ូ លះបង់ សុខចិត្តអត់ហូបចុក រហូតដល់ហ៊ានប្ដូរជីវិត(ក្រោមរបបបដិវត្តន៍)ដើម្បីចម្រៀងដែលខ្លួនបានថែរក្សាដោយសារតែការស្រឡាញ់ ឬមានប្រវត្តិមនោសញ្ចេតនាជាមួយចម្រៀងទាំងនោះ ហើយបានស្ដាប់ពីរោះត្រឹមតែបទដែលខ្លួនមាន រីឯបទដែលគេមាន គេក៏ពីរោះតែខ្លួនគេ ចំណែកឯអ្នកដែលគ្មាន(ដូចជាខ្មែរភាគច្រើន) មិនដឹងជាធ្វើដូចម្ដេចនឹងបានពីរោះដូចគេ ព្រោះថា បើទោះបីជាចង់ទិញក៏គ្មានគេលក់ ម៉្លោះហើយក៏ទ្រាំពីរោះជាមួយចម្រៀងដែលបាត់បង់លក្ខណៈដើម បណ្ដាលឲ្យក្មេងៗជំនាន់ក្រោយបង្អាប់ដោយភ្លេចទាំងការគួរសមទៅទៀតផង។ យូរៗទៅ ចម្រៀងដែលបាត់បង់លក្ខណៈដើម ក៏ត្រូវបាត់បង់ទាំងប្រជាប្រិយភាព រីឯចម្រៀងដែលនៅមានលក្ខណៈដើម ក៏ត្រូវអ្នកថែរក្សាច្រឡំយកទៅជាមួយទាំងអចេតនា តាមវ័យវាលវដ្ដសង្សារសង្ខារជីវិត។ ម្យ៉ាងទៀត ចម្រៀងដ៏ពីរោះៗក្រោយឆ្នាំ១៩៧៣ដែលនៅក្នុងកាស្សែត (ទោះបីជាបានថែរក្សាយ៉ាងណាក្ដី) ក៏ត្រូវធ្លាក់ចុះនូវកម្រិតគុណភាពសំឡេងនៅពេលណាមួយដោយសារតែការសឹករិចរិល, របេះជ្រុះ រួមជាមួយនឹងការរសាត់ហោះហើរនៃសារធាតុ Magnetic ដែលគេមានប្រើប្រាស់ក្នុងការផលិតខ្សែអាត់នោះ។
មរតកសំនៀងខ្មែរ គឺជាសេចក្ដីអំពាវនាវ សូមឱ្យខ្មែររួបរួមគ្នាផលិតឡើងវិញនូវចម្រៀងដែលសេសសល់លក្ខណៈដើម ដែលគេមានយើងអត់ គេអត់យើងមាន ឲ្យទៅជាគេក៏មាន យើងក៏មាន យ៉ាងហោចណាស់ ក៏ចម្រៀងដែលបានផលិតឡើងវិញចេញពីឯកសារដើម (Original Copies) ផ្ទាល់ដោយមានប្រើឧបករណ៍ បច្ចេកទេស និងជំនាញច្បាស់លាស់ ហើយក្នុងពេលជាមួយគ្នានេះ យើងក៏បានស្រោចស្រង់ ព្រមទាំងបន្សល់ទុកឲ្យកូនខ្មែរបានស្ដាប់ និងបានស្គាល់នូវលក្ខណៈដើមដ៏រុងរឿងនៃសិល្បៈចម្រៀង ដែលអស់លោកអ្នកបានខិតខំថែរក្សាទុកផង។
ពិតហើយថាយើងមិនអាចសាងសង់ប្រាសាទអង្គរវត្តឲ្យមានតម្លៃរុងរឿងដូចស្នាដៃបុព្វបុរសខ្មែរបានបន្សល់ទុកនោះទេ ក្រៅពីគ្រាន់តែបានថែរក្សាសម្រាប់ខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ។ យ៉ាងណាមិញ យើងក៏មិនអាចច្រៀងដូចលោក ស៊ីន ស៊ីសាមុត ឬនិពន្ធចម្រៀងដូចកវីខ្មែរជំនាន់នោះបានដែរ។ ទោះបីជាសិល្បៈចម្រៀងទាំងនោះ មិនមានគុណតម្លៃខ្ពង់ខ្ពស់ដូចប្រាសាទអង្គរវត្តក្ដី ក៏វាពិតជាមានឥទ្ធិពលខ្ពស់ក្នុងការពាំនាំនូវអត្តសញ្ញាណជាតិខ្មែរដែរ ព្រោះអ្នកនិពន្ធបានភ្ជាប់មកជាមួយចម្រៀងនូវឈ្មោះរុក្ខជាតិ ព្រៃព្រឹក្សា បក្សីបក្សា ស្ទឹង ទន្លេ សមុត្រ កោះ សាសនា វត្តអារាម ស្រុក ភូមិ ខេត្ត ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអារិយធម៌ជាខ្មែរ ព្រមទាំងបានឆ្លុះបញ្ចាំងអំពី ជីវភាព តថភាពនៃសម្រស់ធម្មជាតិ និងបរិយាកាសនៃសង្គមខ្មែរនាសម័យមុនឆ្នាំ១៩៧៥។ សំឡេងដ៏ពីរោះ ស្ដាប់មិនចេះណាយរបស់លោក ស៊ីន ស៊ីសាមុត ព្រមទាំងអ្នកស្រី រស់ សេរីសុទ្ធា និង អ្នកស្រី ប៉ែន រ៉ន ជាដើម អមដោយទំនុកតន្ត្រី ពាក្យពេចន៍ចួនរណ្ដំរបស់កវីខ្មែរ បានបញ្ចូលមនោសញ្ចេតនា និងពាំនាំព្រលឹងខ្មែរនាសម័យនោះ ឱ្យផុសអណ្ដែតមករស់រវើក ធ្វើឲ្យអ្នកស្ដាប់ជាប់ចិត្តរហូតមកដល់សព្វថ្ងៃ….ទាំងខ្ញុំទាំងគេ។


ប៉ុន្តែសព្វថ្ងៃនេះ សំនៀងដ៏គ្រលួចនោះ ហាក់បីដូចជាច្រៀងត្អូញត្អែរអំពីភាពក្រៀមស្រពោនដូចស្លឹកឈើ ចាកមែកនៃសំនៀងខ្លួនឯង ដែលនៅក្នុងករណីខ្លះនៅសល់តែស្រមោល(គេយកលំនាំទៅធ្វើជាបទថ្មី)។ សម្រាប់ជាតិខ្មែរទូទៅ នេះគឺជាការរសាត់ឃ្លាតឆ្ងាយបន្តិចម្ដងៗពីសិល្បៈចម្រៀងដ៏ពោរពេញទៅដោយសម្បត្តិវប្បធម៌ អរិយធម៌ អក្សរសាស្រ្ត និងប្រវត្តិសាស្ត្រជាតិ ដែលគេបានស្ដាប់កាលណាអាល័យស្រុក បានយល់កាលណាស្រណោះជាតិ ហើយចង់ឲ្យមានដំណោះស្រាយដើម្បីទ្រទ្រង់ដល់ការស្រោចស្រង់ចម្រៀងសេសសល់លក្ខណៈដើមទាំងនោះ ទាន់ពេលវេលានៅមាន។
ដើម្បីឆ្លើយតបទៅនឹងសេចក្ដីអំពាវនាវខាងលើ ក្រុមអ្នកអភិរក្សមរតកសំនៀងដើម ក៏សូមផ្ដួចផ្ដើម គម្រោង មរតកសំនៀងខ្មែរ ដូចខាងក្រោម៖
មរតកសំនៀងខ្មែរ គឺមិនមែនជាផលិតកម្ម រកប្រាក់ចំណេញ ក៏ប៉ុន្តែគឺជា ជាការបម្រើ ដើម្បីទ្រទ្រង់ដល់ការរួបរួមគ្នាផលិតមរតកចម្រៀងឡើងវិញឲ្យបានសមស្របទៅនឹងសេចក្តីអំពាវនាវ ដោយមានប្រើឧបករណ៍ បច្ចេកទេស និងជំនាញច្បាស់លាស់។


Designed with WordPress