ចម្រៀងដែលមានសំរាប់លក់

         ថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើសេចក្ដីសម្រេចប្រគល់កម្មសិទ្ធិបញ្ញានូវមរតកចម្រៀងមួយចំនួនជូនទៅ សិល្បករ ឬគ្រួសារនៃសិល្បករនាសម័យនោះ។ ការសម្រេចនេះ បានធ្វើឲ្យការប្រឹងប្រែងនៃ មរតកសំនៀងខ្មែរ ដែលព្យាយាមរក្សាភាពដើមនៃមរតកចម្រៀង ដោយផលិតឡើងវិញតែចម្រៀងដែលមានឯកសារដើម (Original Copy) ប្រឈមមុខទល់នឹងបញ្ហាដែលអ្នកមានកម្មសិទ្ធិបញ្ញាតែគ្មានឯកសារដើម រីឯអ្នកដែលមានឯកសារដើមបែរទៅជាគ្មានសិទ្ធិចូលរួមផលិត ដោយសារតែឯកសារដើមដែលខ្លួនបានខិតខំថែរក្សាយ៉ាងប្ដូរផ្ដាច់នោះ មានជាប់កម្មសិទ្ធិបញ្ញារបស់គេ។

      មរតកសំនៀងខ្មែរ បានធ្វើការទទូចអំពាវនាវ ព្រមទាំងប្រើគ្រប់មធ្យោបាយដើម្បីលើកទឹកចិត្តដល់ការបញ្ចេញនូវរាល់ឯកសារដើមដែលនៅសេសសល់ទូទាំងពិភពលោក។ ក៏ប៉ុន្តែ វាជាការគួរឲ្យសោកស្ដាយជាទីបំផុត ប្រសិនបើការសម្រេចនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើ ធ្វើឲ្យអ្នកខិតខំថែរក្សាឯកសារដើមយ៉ាងប្ដូរផ្ដាច់ដែលបានមកចូលរួមជាមួយការប្រឹងប្រែងនៃ មរតកសំនៀងខ្មែរ ក្លាយទៅជាអ្នករំលោភច្បាប់កម្មសិទ្ធិបញ្ញានៃក្រសួង ពីព្រោះវានឹងបំផ្លាញជាស្ថាពរ នូវរាល់ចម្រៀងមានកម្មសិទិ្ធបញ្ញា ដែលសេសសល់ពីការបំផ្លិចបំផ្លាញនៃរបបបដិវត្តន៍ឆ្កួតលេលា។

        មរតកសំនៀងខ្មែរ គ្មានចេតនាចង់ប្រព្រឹត្តល្មើស ឬលើកទឹកចិត្តដល់បគ្គលណាមួយឲ្យប្រព្រឹត្តល្មើស ពីការសម្រេចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយទន្ទឹមនឹងគ្នានេះដែរ មរតកសំនៀងខ្មែរ ក៏យល់ថា ការបាត់បងជាស្ថាពរ នូវលក្ខណៈដើម និងរូបរាងដើមនៃមរតកចម្រៀងមានកម្មសិទ្ធិបញ្ញាដោយសារតែករណីដូចដែលបានរៀបរាប់ខាងលើ គឺមិនមែនជាចេតនានៃការសម្រេចរបស់ក្រសួង ឬជាបំណងរបស់អ្នកកាន់កម្មសិទ្ធិ រួមទាំងមិនមែនជាមនសិការនៃជាតិខ្មែរដែលស្រឡាញ់មរតកទាំងនោះទេ។ ម្យ៉ាងវិញទៀត ច្បាប់កម្មសិទ្ធិបញ្ញា មិនគួរជាច្បាប់សម្រាប់រេរាំងឲ្យបាត់បង់នោះឡើយ ក៏ប់ុន្តែវាគួរតែជាច្បាប់សម្រាប់លើកស្ទួយ ការពារ និងថែរក្សាពីព្រោះនេះគឺមិនមែនគ្រាន់តែចម្រៀងទេ តែជា “មរតកសំនៀងខ្មែរ”